យោធាថៃដាក់ទូរកុងតឺន័រ រាយបន្លាលួស ដោតទង់ជាតិ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រគួន ...
បន្ទាយមានជ័យ : អំឡុងពេលអនុវត្តបទឈប់បាញ់នាពេលថ្មីៗនេះថ្ងៃទី៣ មករា ២០២៦ យោធាថៃនៅតែបន្តរាយបន្លាលួស ដាក់ទូរកុងតឺន័រ និងដាក់កង់ឡាន ដោតទង់ជាតិ ឈូសឆាយផ្ទះប្រជាពលរដ្ឋខ្មែរខ្ទិចខ្ទីនៅភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពនេះ ជាការបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ។ ភាគីកម្ពុជា ក៏មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះ ទៅកាន់ភាគីថៃ។
សូមជម្រាបផងដែរថា រយ:ពេល២១ថ្ងៃ ដែលយោធាថៃបង្កសង្រ្គាមឈ្លានពានរំលោភមកលើបូរណភាពទឹកដី ដែនអធិបតេយ្យកម្ពុជា ចាប់ពីថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះមានប្រជាពលរដ្ឋស្លាប់និងរងរបួសជាច្រើននាក់ ប្រជាជនភៀសសឹកបន្តបន្ទាប់រាប់សិបម៉ឺននាក់ ផ្ទះពលរដ្ឋស៊ីវិលរងការខ្ទិចខ្ទាំដោយគ្រាប់ផ្លោង ដ្រូនទម្លាក់គ្រាប់ បាញ់ផ្សែងពុល យន្តហោះទម្លាក់គ្រាប់T-50TH យន្តហោះF-16 ទម្លាក់គ្រាប់បែកចង្កោមស្ទើសុះដី ឆេះខ្ទិចខ្ទីគ្មានសេសសល់ គណៈដែលប្រជាពលរដ្ឋកម្ពុជាខិតខំរកស្ទើពេញមួយជីវិតទម្រាំមានលំនៅដ្ឋានជ្រកកោនសមរម្យ មិនតែប៉ុណ្ណោះត្រូវយោធាថៃឈូសឆាយរាបដល់ដី រាយបន្លាលួស ដោយទង់ជាតិថៃ ដាក់ទូរកុងតឺន័របិទផ្លូវទាំងបំពានយកជាទីតាំងឈរជើងរបស់ខ្លួន រីឯហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម អាគាររដ្ឋបាល បង្គោលភ្លើង រងការខូចខាតអស់គ្មានសល់នៅតំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រគួន ឃុំគោករមៀត ស្រុកថ្មពួក និងភូមិសាស្ត្រផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ៕
រូបភាព និងធ្វើសេចក្តីរាយការណ៍ដោយ : លោក កែវ សំបឿន អង្គភាពសារព័ត៌មាន BMC post
អត្ថបទដោយ : លោក ងន ចាន់ងីម និពន្ធនាយក អង្គភាពសារព័ត៌មាន BMC post





















Post a Comment