យោធាថៃបាញ់ផ្លោងចេញពីផ្សាររុងក្លឿ ស្រះកែវ (ចំណុចដើមស្រល់ខាងជើងផ្សារ) ជាច្រើនគ្រាប់មកជាយក្រុងប៉ោយប៉ែត...

បន្ទាយមានជ័យ :  យោធាថៃនៅចុងសប្ដាហ៍នេះ ថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បន្តបាញ់ផ្លោងជាច្រើនគ្រាប់ចូលមកជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនកំពុងសម្រុកធ្វើដំណើរចាកចេញពីក្រុង ខណៈមួយចំនួនទៀតចាំមើលសភាពការណ៍ ដោយសារមានការផ្ដល់ដំណឹងថាក្បាលគ្រាប់អាចធ្លាក់នៅគៀកនឹងបណ្ដោយផ្លូវជាតិលេខ៥ និងខាងកើតឆៀងខាងជើងផ្លូវជាតិ៥៨។

នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ វេលាម៉ោង២:២០នាទីល្ងាចនេះ យោធាថៃនៅតែបន្តបើកការវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើកាំភ្លើងធំផ្លោងចូលជាយក្រុងប៉ោយប៉ែត និងសង្កាត់និមិត្ត សរុបប្រមាណជាង៣០គ្រាប់ មកទល់នឹងម៉ោង៥ល្ងាច។

យោធាថៃបានឈរជើងកាំភ្លើងធំនៅក្បែរផ្សាររុងក្លឿ (ចំណុចដើមស្រល់ខាងជើងផ្សារ) ដោយពួកគេបានបញ្ឈរកាណុងកាំភ្លើងឡើងខ្ពស់លើសពី ៤៥ដឺក្រេ។ ក្បាលគ្រាប់ផ្លោងរបស់យោធាថៃបានធ្លាក់ភាគច្រើននៅភូមិកូនដំរី ក្នុងសង្លាត់និមិត្ត ដែលនៅគៀកៗនឹងផ្លូវជាតិលេខ៥ ជាផ្លូវដែលពលរដ្ឋកំពុងភៀសខ្លួន និងខាងកើតឆៀងខាងជើងផ្លូវជាតិលេខ៥៨ ។

ទោះជាយ៉ាងណាកងកម្លាំងយើងមិនតដៃទេ ដោយសារវាឈរជើងនៅជាប់មាត់អូរគៀកជិតក្រុងប៉ោយប៉ែត អូរព្រំដែនកម្ពុជា-ថៃតែម្តង។

គួរបញ្ជាក់ថា ការបាញ់ប្រហាររបស់យោធាថៃនៅតែបន្តផ្ទុះឡើង ទោះបីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានកំណត់យកថ្ងៃទី២២ ខែធ្នូ ស្អែកនេះ ជាថ្ងៃប្រព្រឹត្តទៅនៃកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីពិភាក្សាពីការទប់ស្កាត់កុំឱ្យជម្លោះនៅតាមព្រំដែនរវាងប្រទេសទាំងពីររីករាលដាលកាន់តែធំ៕

អត្ថបទដោយ : លោក ងន ចាន់ងីម និពន្ធនាយក អង្គភាពសារព័ត៌មាន គេហទំព័រ BMC post










Theme images by Radius Images. Powered by Blogger.