ប្រហិតចម្រុះ និងចុងស្លាបមាន់ សាច់ជ្រូកចង្កាក់ជិត១តោន ដែលឈ្មួញនាំចូលពីប្រទេសថៃ មកកម្ពុជាគ្មានច្បាប់ និងខូចគុណភាព...


ខេត្តបន្ទាយមានជ័យ :   ប្រហិតចម្រុះ និងចុងស្លាបមាន់ សាច់ជ្រូកចង្កាក់ជិត១តោន ដែលឈ្មួញនាំពីប្រទេសថៃ ចូលមកកម្ពុជាគ្មានច្បាប់ និងខូចគុណភាព ត្រូវបានបង្ក្រាបកាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ទោ ម៉ី បូរ៉ាន់ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖  កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះស្រាវជ្រាវ ឃាត់រថយន្តចំនួន១គ្រឿង និងអ្នកបើកបរ ហើយឆែកឆេររកឃើញ ប្រហិតចម្រុះ និងចុងស្លាបមាន់ សាច់ជ្រូកដោតចង្កាក់សរុបទម្ងន់៧៨៣ក្រាម។

លោកវរៈសេនីយ៍ឯក រស់ អៀម នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបន្តថា ៖ ក្រោយពីឃាត់រថយន្ត១គ្រឿងម៉ាកកាំម៉ារីស៊ីរីចាស់ ពាក់ផ្លាក់លេខក្រុងប៉ៃលិន 2A.0213 ដឹកទំនិញគ្មានច្បាប់ និងខូចគុណភាព ដែលឈ្មួញលួចលាក់នាំចូលតាមច្រករបៀងខុសច្បាប់ត្រូវបាននាំយករថយន្តមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការពិនិត្យមានទម្ងន់៧៨៣គីឡូក្រាម ក្នុងនោះមាន១.ប្រហិតចម្រុះ(រុំថង់បិតស្គុត)ទម្ងន់៦២៦គីឡូក្រាម ២.សាច់មាន់និងចុងស្លាបមាន់ទម្ងន់១២៨គីឡូក្រាម ៣.សាច់ជ្រូកចង្កាក់ទម្ងន់២៩គីឡូក្រាម។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ទៀតថា ៖ ក្រោយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់រថយន្ត១គ្រឿង និងអ្នកបើកបរម្នាក់ឈ្មោះ ម៉ៅ ម៉េត ភេទប្រុស អាយុ ៥៣ឆ្នាំ  ក្រោយពីសាកសួររួចបានរៀបចំនីតិវិធីតាមច្បាប់ ហើយទំនិញគ្មានច្បាប់ និងខូចគុណភាពទម្ងន់៧៨៣គីឡូក្រាមគ្រោងយកទៅដុតកំទិចចោល៕ 

អត្ថបទដោយ : លោកស្រី ហ៊ុន សោភី


Theme images by Radius Images. Powered by Blogger.