ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ យន្តហោះចម្បាំង B-2 របស់សហរដ្ឋអាមេរិក បានដឹកគ្រាប់បែកទៅទម្លាក់លើមូលដ្ឋានផលិតនុយក្លេអ៊ែរ ៣កន្លែង របស់អ៊ីរ៉ង់ ដែលគ្រាប់បែកធំបំផុតនោះ មានទម្ងន់ដល់ទៅជាង ១៣តោន
តោះ ! មកយល់ដឹងពី យន្តហោះចម្បាំង B-2 របស់សហរដ្ឋអាមេរិកទាំងអស់គ្នា...
យន្តហោះចម្បាំង B-2 របស់សហរដ្ឋអាមេរិកនេះ មានសរុបតែ ១៩គ្រឿងប៉ុណ្ណោះលើពិភពលោក ក្នុងចំណោម ២១គ្រឿងដែលផលិតមក ដោយមួយគ្រឿងខូចខាតក្នុងគ្រោះថ្នាក់កាលពីឆ្នាំ២០០៨ និងមួយគ្រឿងទៀតចូលនិវត្តន៍កាលពីឆ្នាំ២០២២។
B-2 មានប្រវែងពីចុងស្លាបម្ខាងទៅម្ខាងទៀត ៥២.៤ម៉ែត្រ ពីក្បាលទៅផ្នែកខាងក្រោយ ២១ម៉ែត្រ និងកម្ពស់ ៥.២ម៉ែត្រ ប្រហែលពាក់កណ្ដាលតារាងបាល់ទាត់មួយ។ ចំពោះទម្ងន់តួយន្តហោះសុទ្ធ ៧២ ៥៧៥គីឡូក្រាម(៧២តោន) និងអាចផ្ទុកបានស្មើនឹងលើស ១ដងទៀត នៃទម្ងន់ខ្លួន ឬអាចហោះហើរក្នុងទម្ងន់ខ្លួនសរុប ១៥២តោន។
តម្លៃរបស់ B-2 មួយគ្រឿងប្រហែល ២.១ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំណុចនេះ មានអ្នកឆ្ងល់ថាយន្តហោះនេះធ្វើពីអីបានថ្លៃអីថ្លៃម៉េស។ បាទ តម្លៃនេះមិនមែនតែគ្រឿងដែលបង្គុំទេ គេរាប់ទាំងឈ្នួលឌីហ្សាញ ឈ្នួលបង្កើតកម្មវិធីគ្រប់គ្រង ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា ហើយយកមកចែកជាមធ្យមឡើងវិញ ឃើញប្រហែលប៉ុណ្ណឹង។
លក្ខណៈពិសេសរបស់ B-2 គឺថាបើចេញដំណើរហើយ គ្មានពាក្យថាបរាជ័យទេ។ B-2 មានរហស្សនាមថា ខ្មោចលើអាកាស ដោយសារអាចបំភ័ន្តពីប្រព័ន្ធរ៉ាដាស្ទើរគ្រប់ប្រភេទ និងមានប្រព័ន្ធការពារ គេចពីការស្កេនកំដៅ មិនអាចឱ្យសត្រូវដឹងពីដំណើរមុនឡើយ ដែលគេតែងហៅថាបំបាំងកាយ មិនមែនបំបាំងបាត់ពីភ្នែកមនុស្សទេ គឺគេចពីប្រព័ន្ធរ៉ាដា និងប្រព័ន្ធស្កេនកំដៅ។ B-2 អាចហោះហើរឆ្លងទ្វីប ក្នុងរយៈចម្ងាយ 11000km ដោយសារធុងសាំងធំនៅស្លាបសងខាង (បើគិតចម្ងាយមកពីអាមេរិកមកខ្មែរ ប្រហែល 12000km) ប៉ុន្តែបើចាក់សាំងថែមលើអាកាស អាចហោះហើរមិនឈប់សោះ ក្នុងរយៈពេល ៤០ម៉ោង។ ក្រៅពីនេះ B-2 អាចផ្ទុកទាំងអាវុធនុយក្លេអ៊ែរ និងគ្រាប់បែកគ្រប់ប្រភេទ បានរាប់សិបតោន ដែលគ្មានយន្តហោះចម្បាំងណាអាចធ្វើបាន។
ក្នុងប្រតិបត្តិការ B-2 មួយម៉ោង ត្រូវចំណាយ ប្រហែលជាង ១៣ម៉ឺនដុល្លារ ហើយក្នុងមួយឆ្នាំ ត្រូវចំណាយថែទាំប្រហែល ៣០ ទៅ ៤០លានដុល្លារ ក្នុងមួយគ្រឿង។ ការចំណាយច្រើននេះ លើការជួសជុលជាប្រចាំ ថែទាំ ប្ដូរផ្លាស់គ្រឿងចាស់ៗរាល់ឆ្នាំ ហើយពេលប្រតិបត្តិការរួច ក៏ត្រូវរើមើលគ្រឿងលើ គ្រឿងក្រោមឡើងវិញ ថ្លៃបុគ្គលិក ថ្លៃចំណាយប្រតិបត្តិការ និងឃ្លាំង B-2 ក៏ត្រូវមើលថែជាប្រចាំ ព្រោះជាឃ្លាំងពិសេសដែលបំបាំងពីប្រព័ន្ធរ៉ាដា ការពារការវាយឆ្មក់ពីសត្រូវ។
B-2 មិនងាយបង្ហាញខ្លូនទេ តែបើបង្ហាញខ្លួន គឺមានព្រឹត្តិការណ៍ពិសេសហើយ។ ជាក់ស្ដែងប្រតិបត្តិការចុងក្រោយ ៣លើក។ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ B-2 ៣គ្រឿង បានហោះសំញែងចេញពី Missouri ទៅចូលរួមលំហាត់នៅកោះ Guam។ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ B-2 បានទៅទម្លាក់គ្រាប់បែកលើទីតាំងស្តុកទុកអាវុធក្រោមដី ៥កន្លែងរបស់ជនក្រុមបះបោរហូទី នៅប្រទេសយេម៉េន។ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកគ្រាប់បែកទៅទម្លាក់លើមូលដ្ឋានផលិតនុយក្លេអ៊ែរ ៣កន្លែង របស់អ៊ីរ៉ង់ ដែលគ្រាប់បែកធំបំផុតនោះ មានទម្ងន់ដល់ទៅជាង ១៣តោន។
Post a Comment