ចោរប្លន់ប្រដាប់ដោយអាវុធបាញ់សម្លាប់បុរសម្នាក់យកទ្រព្យសម្បត្តិនៅស្រុកម៉ាឡៃ...

 

បន្ទាយមានជ័យ ៖  សមត្ថកិច្ចកំពុងតែស្វះស្វែងវែកមុខឃាតករ ប្លន់ប្រដាប់ដោយកាំភ្លើងបាញ់សម្លាប់បុរសម្នាក់យកទ្រព្យសម្បត្តិ ករណីនេះកើតឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ចំណុចចន្លោះគីឡូម៉ែត្រ លេខ៩-១០ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ឌី សៀង ហៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក បានបន្តថា៖ មុនពេលកើតហេតុនោះនៅយប់វេលាម៉ោងប្រហែល១០ ប្រជាពលរដ្ឋបានឮសំលេងផ្ទុះអាវុធចំនួន ១គ្រាប់ នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ៩-១០ ភូមិទួលប្រាសាទ ពេលនោះប្រជាពលរដ្ឋបានរត់ទៅមើលកន្លែងស្នូរផ្ទះស្រាប់តែឃើញ ជនរងគ្រោះឈ្មោះ ឌី សៀង ហៃ ដេកដួលនៅនឹងដីរបួសធ្ងន់ ដោយឃើញសភាពជនរងគ្រោះមិនស្រួលក៏បាននាំគ្នាដឹកបញ្ជូនទៅមន្ទីរពេទ្យប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ទាន់ ។  ប៉ុន្តែដោយជនរងគ្រោះ របួសធ្ងន់ចំកន្លែងសំខាន់មិនអាចជួយសង្គ្រោះបានក៏ស្លាប់បាត់បង់ជីវិតទៅ ។  

លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ទៀតថា៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋហើយ លោកក៏បានដឹកនាំកម្លាំងមួយក្រុមចុះទៅដល់កន្លែងកើតហេតុឃើញតែជនរងគ្រោះ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ។  បើតាមការសាកសួរបំភ្លឺពីឈ្មោះ វ៉ាន់ ប៉ុក ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនជាអ្នកជួយលើកជនរងគ្រោះដាក់រថយន្ត ជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ពោះលើផ្ចិតពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតជនរងគ្រោះបានស្លាប់ទៅ ។  

ពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចពិនិត្យ និងធ្វើការស្រាវជ្រាវ ហើយបានធ្វើការសន្និដ្ឋានថាករណីខាងលើនេះជាករណីប្លន់យកទ្រព្យសម្បត្តិ ដោយជនសង្ស័យបានយកលុយចំនួន ៣០ម៉ឺនរៀល ហើយគេចខ្លួនបាត់ ។សមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្វែងរកឃាតករប្លន់សម្លាប់ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

Theme images by Radius Images. Powered by Blogger.