ក្រុមក្មេងទំនើង បង្កការអុកឡុក យ៉ាងសកម្ម នៅក្រុងប៉ោយប៉ែត បង្រ្កាបបានជាបណ្តើរៗហើយ...!


ក្រុងប៉ោយប៉ែត :  លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើការដឹកនាំកម្លាំងស្រាវជ្រាវ ករណីក្មេងទំនើង១ក្រុម មានគ្នាជាង ១០នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង ប្រដាប់ដោយ កាំបិតផ្គាក់ដំបង និងដុំថ្ម បានធ្វើសកម្មភាពចុះទៅកាប់ និងគប់ម៉ូតូរបស់បុគ្គលិកក្នុងហាងបណ្ដាលឲ្យរងការខូចខាត ម៉ូតូចំនួន ១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខបាត់ដំបង 1AT-7457 ។ 

បានធ្វើសកម្មភាព នៅចំណុចហាងកាហ្វេយីហោ ធីតាលក់ម្ហូបកម្មង់  ស្ថិតក្នុងមណ្ឌល៩ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែពុំបានបណ្ដាលឱ្យមានអ្នករងរបួសទេ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងទាំងនោះក៏បានជិះម៉ូតូគេចខ្លួនបាត់។


ក្រោយមកបង្កអុកឡុកជាលើកទី២ វេលាម៉ោង២០នឹង៤៥នាទី ថ្ងៃខែឆ្នាំដដែល ក្រុមក្មេងទំនើងខាងលើបានជិះម៉ូតូនាំគ្នាមកធ្វើសកម្មភាពដេញកាប់ទៅលើបុគ្គលិកហាងកាហ្វេខាងលើម្ដងទៀត បណ្ដាលឲ្យរងរបួសស្រាលម្នាក់ ជាភ្ញៀវដែលចូលទៅទិញកាហ្វេ  បន្ទាប់ពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងនោះក៏បានជិះម៉ូតូគេចខ្លួនបាត់ទៀត។

 ទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី បានធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន៤នាក់ និងដកហូតបានកាំបិតផ្គាក់ចំនួន២ដើម យកមកអធិការដ្ឋានដើម្បីសួរនាំ។

       (ត្រឹមរយះពេល១៦ម៉ោងប៉ុណ្ណោះកម្លាំងជំនាញចាប់បានក្មេងទំនេីងចំនួន៤នាក់)។



 * ក្មេងទំនើងចំនួន៤នាក់ មានឈ្មោះដូចខាងក្រោម:

 ទី១.ក្មេងទំនើង ឈ្មោះវ៉ា សុខជាត្រា ហៅត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


 ទី២.ក្មេងទំនើងឈ្មោះនៅ សុភា  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


 ទី៣.ក្មេងទំនើង ឈ្មោះវ៉េត សុខចិន ហៅចិន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


 ទី៤.ក្មេងទំនើង ឈ្មោះនី រ៉ាឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


 បន្ទាប់ពីបានសួរនាំរួចក្មេងទំនើងទាំងបួននាក់ បានឆ្លើយបំភ្លឺអោយសមត្ថកិច្ចដឹងថា ក្រុមពួកខ្លួនមានចំនួន២ធីម គឺធីមKTS ហៅថា ក្មេងតាមសួន និងធីមCL ហៅថា កាហ្វេខែតឡែន បានធ្វើសកម្មភាព កាប់និងគប់ទៅលើក្រុមធីមចំនួនពីរធីមគឺធីម KK5(ក្មេងក៥) និងក្រុមBP(បាញ់ភ្លើង) ប៉ុន្តែកាប់មិនត្រូវមនុស្សឡើយ តែបានកាប់ម៉ូតូបែកបាក់តាប្លូ និងកាត់តាប៊ូ។  


 សូមបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់ខាងលើ ជាក្មេងទំនើង បង្កអសន្តិសុខសង្គម និងជាមុខសញ្ញា កាប់ គប់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។


 ចំណែកបក្ខពួកបានរត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ដោយកម្លាំងជំនាញបានកំណត់បានអត្តសញ្ញាណក្មេងទំនើងដែលកំពុងរត់គេចខ្លួនកាលពីថ្ងៃអាទិត្យ៧រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង២១និង២០នាទី៕








Theme images by Radius Images. Powered by Blogger.