សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដង្ហែកឋិនទៅវត្តខ្មែរក្រោម នៅដើមខែវិច្ឆិកា


រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងធ្វើអង្គកឋិនទានមហាសាមគ្គី ដង្ហែទៅកាន់វត្តខ្មែរក្រោមនៅខែវិច្ឆិកា ឆ្នាំ២០២៤។


យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា អង្គកឋិនទានមហាសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពីសូត្រមន្តនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកាហើយនោះ អង្គកឋិនទាននឹង ដង្ហែដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅកាន់វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ចេញ​សេចក្តីសម្រេចមួយបង្កើតគណៈកម្មការរៀបចំបុណ្យកឋិនទាននេះ ដោយមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ជាអនុប្រធាន និងសមាជិកគណៈកម្មការនេះ។

កន្លងមកធ្លាប់មានមន្ត្រីខ្មែររៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តនៅខ្មែរក្រោមផងដែរ ប៉ុន្តែមិនមានទ្រង់ទ្រាយធំបែបនេះនោះឡើយ។ កន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មិនធ្លាប់បានដង្ហែកឋិនទានទៅកាន់វត្តនៅខ្មែរក្រោមផងដែរ។ ដូច្នេះការដង្ហែកឋិនទានទៅកាន់វត្តនៅទឹកដីខ្មែរក្រោមនាខែក្រោយនេះ គឺជាព្រឹត្តិការណ៍ដែលនាំឱ្យមានការចាប់អារម្មណ៍ខ្ពស់៕


Theme images by Radius Images. Powered by Blogger.