ប្រជាពលរដ្ឋកម្ពុជា-ថៃ ធ្វើការលក់ដូរនៅផ្សាររ៉ុងក្លឿ និងថៃធ្វើការនៅប៉ោយប៉ែត ត្រូវបានអាជ្ញាធរកម្ពុជា-ថៃសម្របសម្រួលឲ្យចេញ-ចូលរាប់ពាន់នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសុវត្ថិភាពទាំងសងខាង...

បន្ទាយមានជ័យ : នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ៧ យប់ នេះ អាជ្ញាធរកម្ពុជា និងថៃ សម្របសម្រួលឲ្យប្រជាពលរដ្ឋខ្មែរធ្វើការលក់ដូរនៅផ្សាររោងក្លឿប្រទេសថៃ និងថៃធ្វើការនៅប៉ោយប៉ែត រាប់ពាន់នាក់ចេញមកកម្ពុជានិងប្រជាជនថៃបានវិលត្រឡប់ចូលប្រទេសវិញតាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈនៅតាមព្រំដែនកំពុងឡើងកំដៅខ្លាំង ។ ក្នុងនោះអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នៅចាំទទួលយ៉ាងយកចិត្តទុកដាក់បំផុត ហើយក៏បានធ្វើការអំពាវនាវឲ្យបងប្អូនយើងទាំងអស់ចេញជាបន្ទាន់ ព្រោះពេលវេលានៃការសម្របសម្រួលបើកនេះមានការកំណត់ ។
ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋខ្មែរ ដែលធ្វើការ និងលក់ដូរនៅផ្សាររ៉ុងក្លឿបានឲ្យដឹងថា : ខណៈដែលប្រទេសទាំងពី មានជំលោះនឹងគ្នាដោយសារភាគីថៃ រំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានផងនោះ រហូតមកដល់ពេលនេះកាន់តែឡើងកំដៅខ្លាំងឡើងៗ អាជ្ញាធរថៃ បានប្រកាសឲ្យពួកគាត់ជាប្រជាពលរដ្ឋខ្មែរចេញពីផ្សារររ៉ុងក្លឿ ដែលកំពុងលក់ដូរ ចាកចេញទៅស្នាក់នៅម្តុំ (សួនកាញចាណា ) ស្រុកអារ័ញ្ញ ខេត្តស្រះកែវ នៅពេលទៅដល់ក៏ត្រូវបានតម្រួតសៀមដកហូតយកទូរស័ព្ទមិនឲ្យប្រើប្រាសនិងថវិកាពីពួកគាត់អស់ ចំណែកអ្នកសំងំនៅក្នុងតូបដូចអ្នកជាប់ឃុំអ៊ីចឹង ធ្វើឲ្យពួកគាត់ពិបាកក្នុងការទាក់ទង និងទិញអាហារហូប ដោយសារតម្រួតថៃនៅចាំឃ្លាំមើលជាប្រចាំ ជាហេតុធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ទើបមានការទំនាក់ទំនងសុំការអន្តរាគមន៍ឲ្យជួយ។
សម្រាប់ទិដ្ឋភាពរួមនៅក្នុងខេត្តបន្ទាយមានជ័យ ថៃ នៅតែបន្តបាញ់ចូលមកទឹកដីកម្ពុជាយ៉ាងសន្ធាប់ដដែល រហូតប្រើប្រាសដ្រូនយកការណ៍ និងយន្តហោះF-16 ទម្លាក់គ្រាប់បែករំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជាចាប់ពីស្រុកថ្មពួករហូតដល់ក្រុងប៉ោយប៉ែត ទាំងបំពាន ថែមទាំងបានទំលាក់គ្រាប់បែក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងជនស៊ីវិលរងរបួស និងបាត់បង់ជីវិត ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង ហើយជនភៀសសឹកបន្តជម្លៀសខ្លួនទៅរកទីសុវត្តិភាពដែលអាជ្ញាធរបានរៀបចំរួចជាស្រេច នៅក្នុងស្រុកមង្គលបុរី នៃខេត្តបន្ទាយមានជ័យ ដោយអាជ្ញាធរបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ នេះ ប្រជាពលរដ្ឋដែលជាជនភៀសសឹកកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាពមានចំនួន២៥០០គ្រួសារ ប្រមាណជាងមួយម៉ឺននាក់ ។ ក្នុងនោះអាជ្ញាធរ សប្បុរសជន ព្រមទាំងព្រះសង្ឃងផងបានធ្វើការផ្តល់នូវអំណោយ សម្ភារៈ ជូនដល់ក្រុមគ្រួសារភៀសសឹកសម្រាប់ជួយសម្រាលជីវភាពរបស់គាត់បានមួយកម្រិតផងដែរ ៕
Post a Comment