អ៊ុយក្រែន អះអាងថាបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី ៣គ្រឿង

អ៊ុយក្រែន  ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមន្ត្រីយោធារបស់លោកបានអះអាងថាកងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់ យន្ដហោះចម្បាំងរុស្ស៉ីប្រភេទ Su-34 ចំនួន៣គ្រឿង កាលពីថ្ងៃសុក្រសប្ដាហ៍នេះនៅឯសមរភូមិភាគខាងត្បូង ដោយចាត់ទុកថានេះជាជ័យជម្នះមួយ ក្នុងសង្រ្គាមដែលអាយុ២៤ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ភ្លាមៗ ខាងយោធារុស្ស៉ីមិនបាននិយាយអ្វីនោះទេឆ្លើយតបទៅនឹងការអះអាងរបស់អ៊ុយក្រែន។ ប៉ុន្តែក្រុមអ្នកសរសេរប្លុកយោធាមួយចំនួនក្នុងប្រទេស រុស្ស៉ីបានទទួលស្គាល់ពីការបាត់បង់នេះ ខណៈក្រុមអ្នកវិភាគធ្វើការសន្និដ្ឋានថាប្រព័ន្ធការពារដែនអាកាស Patriot ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ទំនងជាត្រូវបានប្រើប្រាស់ក្នុងការបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ីទាំង៣គ្រឿង។

នៅក្នុងសារមួយបង្ហោះលើ Telegram មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បានគូសបញ្ជាក់ដូច្នេះថា «នៅរសៀល ថ្ងៃនេះ (ថ្ងៃសុក្រ ទី២២ ខែធ្នូ) នៅឯសមរភូមិភាគខាងត្បូង...បាញ់ទម្លាក់បានយន្ដហោះចម្បាំងរុស្ស៉ី Su-34 ៣គ្រឿង»។ ចំណែក លោក ហ្សេលេនស្គី ក្នុងសុន្ទរកថាជាវីដេអូមួយក៏បានកោតសរសើរផងដែរដល់អង្គភាពប្រឆាំងយន្តហោះចម្បាំងអ៊ុយក្រែនសម្រាប់ការបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី នៅក្នុងតំបន់ Kherson។

គួរបញ្ជាក់ថា បើតាមកាសែត Eurasia Daily មានមូលដ្ឋាននៅរុស្ស៉ី ការអះអាងរបស់អ៊ុយក្រែនគឺអាចទៅរួច។ ពីព្រោះថាកៀវអាចប្រើមីស៊ីលរបស់ ប្រព័ន្ធការពារដែនអាកាស Patriot ដែលអាចបាញ់មីស៊ីលចម្ងាយ១៦០គីឡូម៉ែត្រ ប្រឆាំងនឹងគោលដៅនៅរយៈកម្ពស់ខ្ពស់ ចេញពីច្រាំងខាងលិច នៃទន្លេ Dnipro។ រីឯជំនាញខាងយន្ដហោះចម្បាំងរបស់អ៊ុយក្រែន លោក Valeriy Romanenko ក៏បានប្រាប់វិទ្យុអ៊ុយក្រែន NV Radio ដែរថា Patriot ទំនងជាត្រូវបានប្រើក្នុងការបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី៕

Theme images by Radius Images. Powered by Blogger.