បុរសវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ដេកា៧៥(DK75)សំណល់ពីសម័យសង្រ្គាម...


     ខេត្តបន្ទាយមានជ័យ :    បុរសវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ដេកា៧៥(DK75) បន្ទាប់ពីយកគ្រាប់DK75 មកដំនៅនឹងផ្ទះ បណ្តាលឲ្យផ្ទុះកក្រើកភូមិ ។ 


ករណីនេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។


  នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖  តាមការឲ្យដឹងពីនគរបាលស្រុកភ្នំស្រុក ជនរងគ្រោះមានឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។


  នគរបាលបានបញ្ជាក់ទៀតថា ៖  តាមការស្រាវជ្រាវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះគាត់បានទៅភ្ជួរចម្ការប្រទះឃើញហើយយកមកទុកនៅក្រោមជង្រុកជាង១ឆ្នាំមកហើយ ដោយមិនរាយការណ៍ឲ្យសមត្ថកិច្ចបានដឹងនោះទេ។

នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់DK75ដែលទុកនោះមកដំក្នុងគោលបំណងកែច្នៃធ្វើកន្តឹងគោ បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ ។ 


ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់ប្រពន្ធនិងកូន ដោយប្រពន្ធនៅរវល់ឯចម្ការ កូនទី១ដេកលើផ្ទះ កូនទី២ អង្គុយមើលឪពុកដំគ្រាប់ចម្ងាយប្រហែលជាង១០ម៉ែត្រតែមិនរងគ្រោះថ្នាក់ទេ ៕

Theme images by Radius Images. Powered by Blogger.