យប់ម៉ិញ កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តចំនួន២ទីតាំង B9 KTV និង ឡាំបូគីនីក្លឹប ឃាត់មនុស្សប្រុសស្រីបានរាប់រយនាក់ នៅក្រុងប៉ោយប៉ែត ...!

ខេត្តបន្ទាយមានជ័យ  :   កម្លាំងនគរបាលចុះបង្ក្រាបទីតាំង B9 KTV និង  ក្លឹបកំសាន្ត ឡាំបូគីនី ពីរកន្លែងឃាត់មនុស្សប្រុសស្រីបានរាប់រយនាក់ នៅក្រុងប៉ោយប៉ែតកាលពីយប់ម៉ិញនៅអំឡុងម៉ោង១ជាងយប់រំលងអាធ្រាតុ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការចុះបង្ក្រាប ខារ៉ាអូខេ យីហោ B9 និងក្លឹបកំសាន្ត ឡាំបូគីនី (LAMBORGHINI) នេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក កើត  វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍ ទាំង៥ រួមទាំងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោក៨៩១ និង៩១១ផងដែរ ។

សមត្ថកិច្ចបានប្រាប់ថា ៖ ប្រតិបត្តិការចុះបង្ក្រាបទីតាំងយីហោ B9 KTV នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ទីតាំងថាច់ដោនចាស់)ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាង៥០នាក់ ។

ចំណែកទីតាំងទី២ យីហោ ឡាំបូគីនី ក្លឹប (LAMBORGHINI CLUB) ឃាត់ខ្លួនបានមនុស្សប្រុសស្រី ជាង១២៧នាក់ ស្រីខ្មែរ២៨នាក់ និងស្រីបរទេស២៨ នាក់ប្រុសខ្មែរ២៦នាក់ និងប្រុសបរទេស៤៥នាក់ គ្រឿងញៀនមួយចំនួននិងម៉ូតូ រថយន្តរាប់រយគ្រឿងផងដែរ ។

សមត្ថកិច្ចបញ្ជាក់ថា ៖ ការឃាត់ខ្លួនភ្ញៀវ និងបុគ្គលិកក្នុងក្លឹប និងខេធីវីខាងលើនេះ យកទៅរក្សាទុកនៅ បញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក៨៩១  ដើម្បីរងចាំទទួលធ្វើតេស្ត រកសារធាតុញៀន បើមានជាប់ពាក់ព័ន្ធ ត្រូវអនុវត្តតាមនីតិវិធី ។  ចំណែកអ្នកដែលមិនពាក់ព័ន្ធ ត្រូវឲ្យត្រឡប់មកផ្ទះវិញ ៕


Theme images by Radius Images. Powered by Blogger.