រដ្ឋបាលរាជធានីភ្នំពេញដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញចំនួន២កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីសរុប១៥២នាក់
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំកម្លាំងចម្រុះដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ ២ថ្ងៃជាប់គ្នាចំនួន២កន្លែងផ្សេងគ្នាឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន១៥២នាក់ និងធ្វើការដកហូតវត្ថុតាងបានមួយចំនួនធំ។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ចំណុចអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងចម្រុះបានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)មួយកន្លែងស្ថិតនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ៕
Post a Comment